បុរសអាយុ 63 ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបើករថយន្តរបស់គាត់ឆ្លងកាត់ច្រកទ្វារខាងមុខផ្ទះរបស់ Jay-Z និង Beyoncé នៅ East Hampton ទីក្រុងញូវយ៉កកាលពីដើមសប្តាហ៍នេះ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា បុរសម្នាក់បើករថយន្តចុះពីលើផ្លូវ សំដៅទៅផ្ទះក្នុងល្បឿនលឿន ហើយមិនអាចឈប់បាន មុននឹងទៅបុកទ្វារសុវត្ថិភាពដែលបិទជិត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ប៉ូលីសបានចាប់ខ្លួនអ្នកបើកបរនៅកន្លែងកើតហេតុ បន្ទាប់មកបាននាំគាត់ទៅមន្ទីរពេទ្យ Stony Brook បន្ទាប់ពីគាត់បានត្អូញត្អែរពីការឈឺចាប់។
អាជ្ញាធរបានរឹបអូសយករថយន្តរបស់គាត់ និងដាក់ពាក្យល្មើសនឹងបទចោទប្រកាន់លើការទុកចិត្ត ខណៈការស៊ើបអង្កេតបន្ត។
ប៉ូលីសបាននិយាយថា បច្ចុប្បន្នមិនមានភស្តុតាងណាមួយដែលបង្ហាញថាបុរសនេះមានចេតនាកំណត់គោលដៅគូស្នេហ៍តារាល្បីនោះទេ។
វរសេនីយ៍ទោ Jennifer Dunn បាននិយាយថា អ្នកបើកបរហាក់ដូចជាមានភាពច្របូកច្របល់ ក្នុងអំឡុងពេល និងក្រោយពេលកើតហេតុ។ នាងបានបន្ថែមថាគាត់មិនមានប្រវត្តិឧក្រិដ្ឋកម្មទេ ហើយក៏មិនបាននិយាយអំពី Jay-Z, Beyoncé ឬអ្នកណាដែលរស់នៅក្នុងអចលនទ្រព្យនោះដែរ។
អ្នកស៊ើបអង្កេតក៏បានដឹងដែរថា បុរសនោះបានឈប់នៅផ្ទះមួយទៀតនៅក្បែរនោះ ដើម្បីស្វែងរកនារីម្នាក់ មុនពេលកើតហេតុ។ ក្រោយពីប្រាប់ថានាងមិនបានរស់នៅទីនោះក៏បើករថយន្តចេញទៅ ។ ម្ចាស់ផ្ទះក៏បានរាយការណ៍ប្រាប់ប៉ូលីសថា បុរសនោះហាក់ដូចជាមានការភ័ន្តច្រឡំ។
អាជ្ញាធរបាននិយាយថា ពួកគេមិនបានរកឃើញអាវុធ កំណត់ចំណាំជាលាយលក្ខណ៍អក្សរ ឬភស្តុតាងនៃការគំរាមកំហែង នាំឱ្យអ្នកស៊ើបអង្កេតជឿថាឧបទ្ទវហេតុនេះ អាចពាក់ព័ន្ធទៅនឹងបញ្ហាវេជ្ជសាស្រ្ត ជាជាងការប្រព្រឹត្តដោយចេតនា។
Jay-Z និង Beyoncé មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីឧប្បត្តិហេតុនេះទេ។
ប្តីប្រពន្ធនេះបានទិញអចលនទ្រព្យ East Hampton ដែលមានបន្ទប់គេងប្រាំពីរក្នុងឆ្នាំ 2017 ក្នុងតម្លៃប្រហែល 26 លានដុល្លារ។






