ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បានរងរបួសធ្ងន់ និងបានបាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារជិះម៉ូតូហុងដាឌ្រីម លឿនមិនប្រយ័ត្ន ជ្រុលទៅបុក រថយន្តសណ្តោងកុងតឺន័រ ដែលឈប់រង់ចាំភ្លើងស្តុប ពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចស្តុបកៅដាយ ផ្លូវម៉ៅសេទុង កែងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញរថយន្តប្រភេទ សណ្តោងទូរកុងតឺន័រ ម៉ាក DAEWOO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3G 5808 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពី ត្បូងទៅជើងហើយឈប់រថយន្ដ រង់ចាំភ្លើងស្តុប ស្រាប់តែបុរសម្នាក់បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1Z 2389 ក្នុងទិសស្របគ្នា ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក រថយន្តពីក្រោយ បណ្តាលឲ្យម៉ូតូ ផុងចូលពីក្រោមរថយន្ត និងអ្នកបើកម៉ូតូ រងរបួសបែកក្បាល និងបានបាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ៕