ឡានដឹកកម្មករ បុកជាមួយឡានមួយគ្រឿងទៀត ពេលបើកបញ្ច្រាសទិសគ្នា របួសធ្ងន់និងស្រាលច្រើននាក់
​ដោយ វត្តភ្នំ ម៉ោង 08:46
ថ្ងៃទី9 ខែJuly ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុកបសេដ្ឋ ៖ កម្មករ កម្មការិនីរោងចក្រ ជាច្រើននាក់ បានរងរបួសធ្ងន់និងស្រាល ត្រូវបានដឹកយកទៅសង្គ្រោះ ព្យាបាលតាមមន្ទីរពេទ្យបង្អែក និងគ្លីនិកឯកជនភ្លាមៗ ដោយសាររថយន្តដឹកកម្មករ បុកគ្នាចំពីមុខពេញទំហឹង ជាមួយរថយន្តមួយគ្រឿងទៀត ពេលបើកបរបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង ៨និង៥៥ នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៤១-ទៅលេខ៤២ ស្ថិតនៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកកម្មករ រោងចក្រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ ដឹកកម្មកររោងចក្រ បានបើកបរដឹកកម្មករ តាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅ ពីខាងជើងទៅត្បូង បុកជាមួយរថយន្ត ម៉ាក SSONGYONG ACTYON ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ 2BH-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ដែលបើករេចុះឡើង បណ្តាលឱ្យរងរបួសធ្ងន់ ចំនួន ៦នាក់ កំពុងពិនិត្យនិងសង្គ្រោះបឋម នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ៤នាក់ និងទៅព្យាបាល នៅមន្ទីរពេទ្យខេត្តតាកែវ ១នាក់ សម្រាកព្យាបាលនៅពេទ្យផ្សារស្លាបលែង ១នាក់ ៕

Loading...