ខណ្ឌដង្កោ ៖ នារីម្នាក់បានស្លាប់ និងមនុស្សប្រុសស្រី ២នាក់ទៀត របួសធ្ងន់ ដោយសារបើកម៉ូតូឌុបគ្នាលឿន ជ្រុលទៅបុករថយន្ត កុងតឺន័រពីក្រោយ កាលពីវេលាម៉ោង ១១និង២៥ នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ មុខក្រុមហ៊ុនផែស្ងួត ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ អុឹម កញ្ញា ហៅស្រីពេជ្រ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្នាទង ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ជាអ្នកបើកបរម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1KK-7848 ។ ចំណែកជនរងគ្រោះ ២នាក់ ទៀតរងរបួសធ្ងន់ មានឈ្មោះ ធី ស្រីនា ហៅ មិនា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ និង ម្នាក់ទៀតឈ្មោះ នី សាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់៕