ឡាន ALPHARD បើកលឿនមិនប្រយ័ត្ន ទៅបុកឡានកូរ៉េ បើកបត់ឆ្លងផ្លូវ ស្លាប់បុរសម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:50
ថ្ងៃទី4 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ រថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿង បើកបរដោយបុរសជនជាតិចិន ល្បឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តកូរ៉េ បើកបត់ឆ្លងផ្លូវពេញទំហឹង ប៉ើងមនុស្សធ្លាក់ពីរថយន្ត បណ្តាលឲ្យបុរសម្នាក់ ជាមន្រ្តីយោធាបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកបុរសរួមដំណើរ ២នាក់ទៀត រងរបួសស្រាល កាលពីវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ម៉ុម សុវណ្ណដា ភេទប្រុស អាយុ ៣០ឆ្នាំ ជាមន្រ្ដីយោធា បំរើការនៅអង្គភាព៩១១ រស់នៅសង្កាត់កន្ទោក ខណ្ឌកំបូល។ មុនកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ -3960 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស ២នាក់ទៀត ចេញពីផ្លូវបេតុង ច្រកក្លោងទ្វារវត្តជង្លុងម្លូរ ក្នុងទិសដៅពីកើតមកលិច រួចក៏បានបត់ឆ្វេង ឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៣ ។

ពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ក៏មានរថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-8858 បើកបរដោយបុរសជនជាតិចិន តាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តកូរ៉េ ចំពីមុខចំហៀង ទ្វារខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្ត ខូចខាតស្ទើរទាំងស្រុង ចំណែកឯបុរស ៣នាក់ នៅក្នុងរថយន្តកូរ៉េ បានប៉ើងធ្លាក់ រងរបួសស្រាល ២នាក់ និងម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ៕

Loading...