សិស្សសាលា អាយុ ១៤ឆ្នាំ បានចងកបញ្ចប់ជីវិត ទំនងជាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ
​ដោយ វត្តភ្នំ ម៉ោង 09:44
ថ្ងៃទី21 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ក្រុងប៉ៃលិន ៖ សិស្សសាលា អាយុ ១៤ឆ្នាំ ទំនងជា មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បានចងកបញ្ចប់ជីវិត បន្ទាប់ពីបង្ហោះសារ ដ៏សោកសង្រេង នៅតាមបណ្តាញសង្គម ហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល វេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់សព ស្ថិតនៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន

ជនរងគ្រោះឈ្មោះ ប៊ិត សុចាន់ណា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ម្ដាយរបស់សពឈ្មោះ ផូ សាមឿន អាយុ ៤៤ឆ្នាំ បានឱ្យដឹងថា កូនរបស់គាត់ បានដើរទៅសាលារៀនព្រៃមង្គល កន្លែងគាត់លក់បបរ ពេលហូបបបររួច បានជិះម៉ូតូមកផ្ទះពីរនាក់គាត់វិញ ដោយបម្រុងនាំកូនទៅកាត់សក់ តែកូនប្រាប់ថា ខ្ញុំអត់ទៅទេ ពេលនោះគាត់បានប្រាប់ថា បើមិនទៅទេ នៅផ្ទះបោសសម្អាតផ្ទះផង។

ប្រាប់រួចហើយ គាត់ក៏បានជិះម៉ូតូទៅផ្សារប៉ាងរលឹម លុះមួយសន្ទុះក្រោយមកគាត់បានខលទូរស័ព្ទ ទៅកូនបីបួនដងតែគ្មានអ្នកលើក។ ពេលគាត់មកដល់ផ្ទះវិញ ឃើញផ្ទះបិទទ្វារជិត ហើយបានស្រែកហៅកូន តែមិនឮឆ្លើយ។ ពេលបើកទ្វារបន្ទប់ក្នុងផ្ទះ បានឃើញកូនប្រុសចងក នៅនឹងធ្នឹមផ្ទះ ដោយខ្សែគោ ពណ៌ស ហើយគាត់យកកាំបិតចិតបន្លែ កាត់ខ្សែដើម្បីធ្វើការសង្រ្គោះកូន និងបានដឹកកូន ទៅមណ្ឌលសុខភាពក្រចាប់ តែគ្រូពេទ្យពិនិត្យប្រាប់ថា កូនរបស់គាត់បានស្លាប់បាត់ហើយ គាត់និងសាច់ញាតិបងប្អូន ដឹកសពត្រឡប់ទៅផ្ទះវិញ៕

Loading...