ក្រុងពោធិ៍សាត់ ៖ ករណីខ្មាន់កាំភ្លើង ជិះម៉ូតូមកឈប់មុខផ្ទះ រួចដើរចូលទៅបាញ់មនុស្សឆៅៗ បណ្ដាលឱ្យរងរបួសចំនួន ០៣នាក់ ពេលដែលពួកគាត់ កំពុងហូបបាយជុំគ្នា ស្ថិតនៅតាមបណ្ដោយផ្លូវកៅស៊ូ១ខ្សែ ក្នុងភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងប្រមាណ ១៩និង០០ នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងរងរបួស ទី១- ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ទិញលក់ត្រី របួសធ្ងន់ កំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់ ទី២-ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ និងទី៣- ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ រងរបួស កំពុងសម្រាកព្យាបាល ។
យោងតាមរូបភាព ក្នុងកាមេរ៉ាសុវត្ថិភាព ខ្មាន់កាំភ្លើងមានគ្នា ២នាក់ មធ្យោបាយដោយម៉ូតូហុងដា មួយគ្រឿង អ្នកបើកបរម៉ូតូពាក់មួកកាតិប ចំណែកអ្នករួមដំណើរ ដៃដល់ ពាក់អាវស ពាក់មួកសុវត្ថិភាព បានចុះពីម៉ូតូដើរសំដៅចូលទៅក្នុងផ្ទះ ដោយដៃមានកាន់អ្វី ១ដុំ ដាក់ទៅលើតុ ហើយទាញមកវិញ ខណៈនោះដកកាំភ្លើងខ្លីពីចង្កេះ បាញ់រះចំនួន ០៦គ្រាប់ បណ្ដាលឱ្យជនរងគ្រោះ ដួលរដូករណែល ភ្លាមនោះជនបង្ក បានរត់ឡើងម៉ូតូជិះគេចខ្លួនបាត់៕