បើកលឿនទៅបុកពីក្រោយឡាន ២គ្រឿង ដែលឈប់រង់ចាំភ្លើងស្តុប ហើយប្រើហិង្សាលើសមត្ថកិច្ច
​ដោយ វត្តភ្នំ ម៉ោង 09:31
ថ្ងៃទី4 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើករថយន្តលឿន ទៅបុកពីក្រោយរថយន្ត ២គ្រឿង ដែលឈប់រង់ចាំភ្លើងស្តុប ហើយប្រើហិង្សាលើសមត្ថកិច្ច បណ្តាលឱ្យរងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកតូយ៉ូតាព្រូស ២គ្រឿង មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BN-1037 ចំណែករថយន្តព្រូស មួយគ្រឿងទៀត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BI-3616 បើកដោយបុរសម្នាក់ ធ្វើដំណើរស្របគ្នា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក៏បានឈប់ភ្លើងស្តុបពណ៌ក្រហម ពេលនោះដែរស្រាប់តែ មានរថយន្តបង្កម៉ាក Lexus LX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2A-6787 បើកបរដោយបុរសជនជាតិចិនម្នាក់ ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកពីក្រោយ រថយន្តតូយ៉ូតាព្រូស ពេញទំហឹង ខូចខាតយ៉ាងដំណំ។ ពេលនោះសមត្ថកិច្ច ក៏បានចុះមកដល់ទីតាំងកើតហេតុ បែរជាបុរសជនជាតិចិន ប្រើកាយវិការច្រងេងច្រងាង វាយទៅលើសមត្ថកិច្ច ២នាក់ បណ្តាលឱ្យរងរបួសផងដែរ ទើបសមត្ថកិច្ច យកទៅប៉ុស្តិ៍នគរបាល សង្កាត់ចោមចៅទី៣ សួរនាំបន្តនិងចាត់ការទៅតាមនីតិវិធី៕

Loading...