បង្ក្រាបករណីបង្ខាំងមនុស្ស និងអនឡាញខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចំនួន ៤១នាក់
​ដោយ វត្តភ្នំ ម៉ោង 10:10
ថ្ងៃទី17 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌឫស្សីកែវ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំង មូលដ្ឋានខណ្ឌឫស្សីកែវ បានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួន ជនសង្ស័យចំនួន ៤១នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្ស និងអនឡាញខុសច្បាប់ កាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចមុខ សាលាអូស្ត្រាលី ស្ថិតនៅតាម បណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងពីនារីម្នាក់ ជាជនជាតិវៀតណាម អាចនិយាយភាសាខ្មែរ បានអះអាងថា ប្អូនប្រុសរបស់នាង ត្រូវបានគេចាប់ជំរិត ទារប្រាក់ចំនួន ២៥០០ដុល្លារ ក្រោយពីពួកគេល្បួង ឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិដ្ឋជន បានចាប់បញ្ជូនមកកាន់ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ស្ត្រីជាបងជនរងគ្រោះបញ្ជាក់ថា ប្អូនប្រុសរបស់នាង បានផ្ញើសារទីតាំង ដែលក្រុមចាប់ជំរិតនោះ មកឱ្យនាង ទើបបានជានាង ដឹងទីតាំងច្បាស់បែបនេះ ហើយក៏បានរាយការណ៍ ជូនសមត្ថកិច្ចមកទីតាំងខាងលើនេះតែម្ដង។

ក្នុងរង្វង់ប្រតិបត្តិការនេះ យោងតាមរបាយការណ៍ កម្លាំងនគរបាលបានឲ្យដឹងថា កាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានសហការជាមួយ កម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ និងដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានចុះដល់ទីតាំងឡោមព័ទ្ធមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យចំនួន ៤១នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន ៣៣នាក់ ស្រីម្នាក់ ជនជាតិខ្មែរចំនួន ៨នាក់។ក្រោយប្រតិបត្តិការកម្លាំងជំនាញបានធ្វើការដកហូតរថយន្តចំនួន៤ គ្រឿងរួមមានរថយន្តម៉ាករ៉ូសរ៉ូយមួយគ្រឿង ម៉ាកធន់ត្រាមួយគ្រឿង ម៉ាកអាល់ហ្វាតមួយគ្រឿង ម៉ាកឡង់គ្រីស័រ មួយគ្រឿង ទូរសព្ទដៃចំនួន ១៧ គ្រឿង និងម៉ូតូ០២ គ្រឿង។

Loading...