ឃាត់ខ្លួនមេបញ្ជាការរង ប៉េអឹមខេត្តកំពង់ស្ពឺ  និងមន្ត្រី ៥ រូបទៀត សង្ស័យពាក់ព័ន្ធ រឿងទទួលផលបទល្មើសគ្រឿងញៀន
​ដោយ វត្តភ្នំ ម៉ោង 08:05
ថ្ងៃទី31 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខេត្តកំពង់ស្ពឺ ៖ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថ ៤រូបទៀត ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធ រឿងទទួលផលបទល្មើសគ្រឿងញៀន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់លោកឧត្តម សេនីយ៍ត្រីអេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តម សេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មាន ជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅ ៖

១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសគ្រឿងញៀន និងបានស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញក៏បានពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។

២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន ០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង ៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។

៣- តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង០៦រូបនេះ ពុំមានផ្ទុកសារធាតុញៀននោះទេ។

៤- មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។

៥- ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិស ស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”៕

Loading...