ខណ្ឌច្បារអំពៅ ៖ បុរសម្នាក់ បានបើករថយន្ត ចុះពីលើស្ពានកោះនរា រួចរេចង្កូត ទៅបុកបង្គោលភ្លើង ហើយរថយន្ត នៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុកដើមឈើ អូសហោះផ្លោង ចូលក្នុងដីឡូត៍ មួយកន្លែង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង២០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានកោះនរា ប៉ែកខាងកើត ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត បានបើករថយន្ត ម៉ាកតូយ៉ូតា ឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BZ-3655 ចុះពីលើស្ពានកោះនរា ដែលទើបនឹងបើកឱ្យដំណើរការ ក្នុងទិសដៅ ពីលិចទៅកើត យ៉ាងលឿន។ មកដល់ចុងស្ពាន ស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យបាក់មួយដើម រាបដល់ដី ហើយរថយន្តបង្ក នៅមិនទាន់អស់ល្បឿន បានបន្តទៅបុកដើមឈើ បាក់អស់មួយដើមទៀត រួចហោះផ្លោងចូលទៅក្នុងដីឡូ មួយកន្លែង ទៅមុខលែងរួច។ អ្នកបើកបរនិងអ្នករួមដំណើរ បានបើកទ្វារ ចុះចេញពីរថយន្ត គេចខ្លួនបាត់ស្រមោល៕