ជិះរ៉ឺម៉កម៉ូតូ ទៅយកសាច់ជ្រូកពីលូប្រាំ មកលក់នៅផ្សារជម្ពូវ័ន ត្រូវឡានព្រូសបុកស្លាប់ ២នាក់ប្តីប្រពន្ធ
​ដោយ វត្តភ្នំ ម៉ោង 10:44
ថ្ងៃទី24 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសស្ត្រី ជាប្ដីប្រពន្ធ ២នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារ រថយន្តម៉ាក តូយូតាព្រូស បើកលឿនមកបុក ពីក្រោយពេញទំហឹង ផ្លោងរ៉ឺម៉កទៅបោកផ្ទប់ បង្គោលស្លាកសញ្ញា បាក់មួយដើម ហើយរថយន្តបង្កបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង ២និង៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចំណុចជាប់ផែស្ងួត ឧកញ៉ាសូងួន នៅលើផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពប្តីមានឈ្មោះ ឈឿន ស៊ាង ភេទប្រុស អាយុជាង ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះម្តុំផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅខេត្តតាកែវ។ សពប្រពន្ធ មានឈ្មោះ អ៊ីហ្សាន់ ភេទស្រី អាយុជាង ៤០ឆ្នាំ រស់នៅជាមួយប្តី នៅម្តុំផ្សារជម្ពូវ័ន។ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូ សណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1GE-7880 តាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ទៅយកសាច់ជ្រូកពីលូប្រាំ មកលក់នៅផ្សារជម្ពូវ័ន ស្រាប់តែមានរថយន្ត ម៉ាកតូយូតាព្រូស ពណ៌ក្រហម មិនចាំផ្លាកលេខ បើកមកពីក្រោយស្របទិសគ្នា បុកពីក្រោយ ម៉ូតូសណ្តោងរ៉ឺម៉ក យ៉ាងពេញទំហឹង ផ្លោងទៅបោកផ្ទប់ បង្គោលស្លាកសញ្ញា បាក់មួយដើម បណ្តាលឲ្យរ៉ឺម៉ក ក្រឡាប់ផ្ងារជើង ចំណែកប្តីប្រពន្ធ ២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម៕

Loading...