ស្រុកជាំក្សាន្ដ ៖ ដោយសារមានវិបត្តិក្នុងគ្រួសារ មន្ត្រីយោធាម្នាក់ បានយកកាំភ្លើងម៉ាក AK47 ចេញពីក្នុងឃ្លាំង នៅទីបញ្ជាការវរសេនាតូចលេខ៣៨៥ មកបាញ់ប៉ងសម្លាប់ខ្លួន គ្រាន់តែរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ៤៖៣៥ នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការវរសេនាតូច លេខ៣៨៥ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
លោកវរសេនីយឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ បានរាយការណ៍ជូនថ្នាក់លើថា មន្ត្រីយោធាដែលយកកាំភ្លើង បាញ់ធ្វើអត្តឃាត សម្លាប់ខ្លួនឯងមានឈ្មោះ ហ៊ុយ បូ អាយុ ៥៧ឆ្នាំ មុខរបរទាហាន ឋានន្តរសក្ដិអនុសេនីយ៍ឯក អត្តលេខ ០២២០៣៥ មុខងារជំនួយការ ភស្ដុភារបច្ចេកទេស វរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
មុនពេលកើតហេតុ ជនរងគ្រោះបានយកអាវុធម៉ាក AK47 បត់ចំហៀង លេខ៥៨៥៦៩៧ ចេញពីឃ្លាំង មកបាញ់ខ្លួនឯងចំនួន១គ្រាប់ ចំលើដោះខាងឆ្វេង និងធ្លាយមកខាងក្រោយ បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានអង្គភាពបញ្ជូន ទៅសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។ ករណីយកកាំភ្លើងបាញ់ធ្វើអត្តឃាតខ្លួនឯងនេះ បើតាមប្រភពព័ត៌មានមូលហេតុបណ្ដាលមកពីមានវិបត្តិក្នុងគ្រួសារ ជម្លោះក្នុងគ្រួសារ៕