ខណ្ឌដូនពេញ ៖ បុរសជនបរទេសម្នាក់ បើករថយន្តស៊េរីទំនើប មែកសឺដែស រួមដំណើរជាមួយ ជនបរទេសដូចគ្នា ប្រុសស្រី ៣នាក់ទៀត លឿនមិនប្រយ័ត្ន រេចង្កូត ទៅបុកបង្គោលភ្លើងទាំងកំរោល បណ្តាលឲ្យបាក់មួយដើម សង្កត់លើរបងផ្ទះពលរដ្ឋ បង្កឲ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង២០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ ចំណុចស្តុបក្បែរវត្តល័ង្កា ស្ថិតនៅតាមបណ្តោយផ្លូវ ៥១កែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញបុរសជនបរទេសម្នាក់ រួមដំណើរជាមួយ បុរសនិងនារីជនបរទេសដូចគ្នា ៣នាក់ទៀត បានបើករថយន្ត មែកសឺដែស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2C-7777 តាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ កែងហ្នឹងផ្លូវ៥១ ស្តុបក្បែររបងវត្តលង្ការ ក៏ជ្រុលទៅបុកបង្គោលភ្លើងថ្មទាំងកំរោល បណ្តាលឲ្យបាក់មួយដើម សង្កត់ទៅលើរបងផ្ទះពលរដ្ឋ ចំណែករថយន្ត រងការខូចខាត មួយកំណាត់មុខទាំងស្រុង សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។ ហើយអ្នកបើកបរ និងអ្នករួមដំណើរ មានរថយន្តមួយគ្រឿង មកដឹកគេចចេញ ពីកន្លែងកើតហេតុ បាត់ស្រមោល៕