រាជធានីភ្នំពេញ ៖ យានដ្ឋានជួសជុល រថយន្តក្រុងមួយកន្លែង នៅទល់មុខភោជនីដ្ឋាន រស្មីបឹងកក់ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៦៦ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យកន្លែងស្នាក់នៅ ធ្វើពីទូកុងតឺន័រ រួមទាំងសម្ភារមួយចំនួន ត្រូវរងការខូចខាត តែភ្លើងពុំបានឆេះរាល់ដាល ដល់រថយន្តឡើយ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៥០ នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
តាមម្ចាស់យានដ្ឋាន ឈ្មោះ ចាប សុធារី ភេទស្រី បានអោយនគរបាលដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញផ្សែងហុយ ចេញពីទូកុងតឺន័រ ដែលជាកន្លែងស្នាក់នៅ របស់ក្រុមជាង ហើយក៏បានក្លាយ ជាអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ខណៈពេលដែលជាង បានសុំច្បាប់ទៅលេងស្រុកអស់ ។ ភ្លាមៗ រថយន្តពន្លត់អគ្គិភ័យ ដែលប្រចាំការនៅ សាលាសង្កាត់គោកឃ្លាង ១គ្រឿង បានចេញទៅអន្តរាគមន៍ បាញ់ពន្លត់ ពុំបណ្តាលអោយឆេះ រាលដាលឡើយ ។ តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាល រាជធានីភ្នំពេញ បានអោយដឹងថា អគ្គិភ័យនេះ បណ្តាលអោយកន្លែងស្នាក់នៅ ដែលប្រភេទទូរកុងតឺន័រទំហំ២ម៉ែត្រ គុណនិង ៤ម៉ែត្រ ត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង រួមជាមួយសម្ភារជួសជុលរថយន្ត អស់មួយចំនួនទៀត៕