ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿ និងកុំទិញ ផលិតផលសុខភាព ដែលផ្សព្វផ្សាយពុំសមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្ត្រវជ្ជសាស្ត គ្មានការអនុញ្ញាតពីក្រសួង
​ដោយ វត្តភ្នំ ម៉ោង 08:56
ថ្ងៃទី12 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដោយអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមកុំជឿ និងកុំទិញផលិតផលសុខភាព ដែលផ្សព្វផ្សាយពុំសមសប និងគ្មានមូលដ្ឋានវិទ្យាសាស្ត្រវជ្ជសាស្ត គ្មានការអនុញ្ញាតពីក្រសួង។ ក្រសួងសុខាភិបាក ក៏បានណែនាំ ដល់អាជីវករ ធ្វើអាជីវកម្មផលិតផលឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព គ្រឿង សម្អាង ឬផលិតផលបង្ការព្យាបាលជំងឺ ត្រូវគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុចរិតភាព ដោយ រាល់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលទាំងនេះ ត្រូវមានលេខបច្ឆិកា ឬទិដ្ឋាការ និងមានការអនុញ្ញាត់ ពីក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងបានកត់សម្គាល់ឃើញ មានការផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានច្បាប់អនុញ្ញាត តាមប្រព័ន្ធអនឡាញ ឬបណ្តាញព័ត៌មានសង្គមនានា ដោយអ្នកមិនមែនជាអ្នកវិជ្ជាជីវៈសុខាភិបាល បានធ្វើការផ្សព្វផ្សាយមានលក្ខណៈជា វិជ្ជាជីវៈសុខាភិបាល នូវផលិតផលឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព គ្រឿងសម្អាង និងផលិតផលបង្ការ ឬព្យាបាលជំងឺដោយប្រើប្រាស់ខ្លឹមសារមិនសមស្រប បំផ្លើសហួសពីការពិត និងគ្មានមូលដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រត្រឹមត្រូវ ដូចជាផលិតផលគ្រឿងសម្អាង ដែលបានផ្សាយថាធ្វើឱ្យស្បែកស ក្នុងរយៈពេលខ្លី និងឱសថសម័យ ឱសថបុរាណ ឬផលិតផលបំប៉នសុខភាពមួយចំនួន ដែលបានផ្សាយថា អាចព្យាបាលជំងឺបានច្រើនប្រភេទ ដែលផលិតផលទាំងនោះ អាចមានបន្ថែមសារធាតុហាមឃាត់ ឬមានសារធាតុដែលប្រើលើសកម្រិត ឬខុសរូបមន្ត បណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋ។

ពិនិត្យឃើញបញ្ហាប្រឈមទាំងនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ ដល់សាធារណជន ដូចខាងក្រោម៖

* បងប្អូនប្រជាពលរដ្ឋមិនត្រូវជឿលើការឃោសនាមិនសមហេតុផល ដែលគ្មានប្រភពច្បាស់លាស់ជា ពិសេសរាល់ការផ្សព្វផ្សាយគ្រប់រូបភាព ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

* សូមបងប្អូនប្រជាពលរដ្ឋកុំទិញផលិតផលឱសថ ដាក់លក់តាមប្រព័ន្ធអនឡាញ ដោយគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល ព្រោះការលក់ផលិតផលសុខភាព តាមអនឡាញជាការលក់មិនស្របច្បាប់ ហើយផលិតផលទាំងនោះ ពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។

* ចំពោះអាជីវករធ្វើអាជីវកម្មផលិតផលឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព គ្រឿង សម្អាង ឬផលិតផលបង្ការព្យាបាលជំងឺ ត្រូវគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុចរិតភាព ដោយ រាល់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលទាំងនេះ ត្រូវមានលេខបច្ឆិកា ឬទិដ្ឋាការ ឬលេខប្រវេទន៍ (NOTIFICATION) និងរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ តាមគ្រប់រូបភាពត្រូវ មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលសង្ឃឹម និងជឿជាក់យ៉ាងមុតមាំ ចំពោះការចូលរួមយ៉ាងយកចិត្តទុកដាក់របស់បងប្អូនអាជីវករ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការទប់ស្កាត់នូវរាល់ភាពអសកម្មទាំងនេះ ដើម្បីចៀសវាង ឱ្យបាននូវការប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ប្រកបដោយការទទួលខុសត្រូវខ្ពស់៕

Loading...