កំពុងឈប់ភ្លើងស្តុប ត្រូវឡានបុក ផ្ទប់ចូលក្រោមឡានក្រឡុកស៊ីម៉ង់ត៍ កិនស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 09:52
ថ្ងៃទី6 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ ស្ត្រីម្នាក់ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍​ កិនពាក់កណ្ដាលខ្លួន ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភ្លើងស្តុបក្រសួងមហាផ្ទៃ នៅតាមផ្លូវព្រះនរោត្តម កែងផ្លូវលេខ៤៦៦ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះ ដែលស្លាប់មានឈ្មោះ សំ ស្រីមុំ អាយុ ៣៧ ឆ្នាំ មានស្រុកកំណើត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ មុនដំបូង គេឃើញ រថយន្តម៉ាក FORD RANGER XLT ពណ៌ស​ ពាក់ស្លាកលេខកម្ពុជា RUM.7879 បើកយ៉ាងលឿន តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីត្បូងទៅជើង បានបុកម៉ូតូ​មួយគ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុប រុញផ្ទប់ចូលក្រោម រថយន្តក្រឡុកស៊ីម៉ងត៍ ដែលកំពុងបើកឆ្លងផ្លូវ កិនស្ត្រីម្នាក់ ដែលជាម្ចាស់ម៉ូតូ ស្លាប់យ៉ាងអាណោចអាធ័ម រួចរថយន្តបង្កម៉ាក  FORD RANGER បើកទៅមុខបានប្រហែល ៥០ម៉ែត្រ ក៏ចុះគេចខ្លូនបាត់ស្រមោលទៅ ៕

Loading...