សង្ស័យស្រវឹងបើកឡានបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ និងបុកម៉ូតូ ៣គ្រឿង
​ដោយ វត្តភ្នំ ម៉ោង 10:56
ថ្ងៃទី15 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តយ៉ាងលឿន មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ ដែលបត់ឆ្លងផ្លូវពេញទំហឹង រួចបន្តបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ និងបុកម៉ូតូ ៣គ្រឿងបន្ថែមទៀត ដែលឈប់បម្រុងបត់ឆ្លងផ្លូវ បណ្តាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ស្រាល កាលម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង កែងផ្លូវលេខ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញម៉ូតូ ៤គ្រឿង បានជិះស្របគ្នា តាមបណ្តោយផ្លូវវម៉ៅសេទុង ក្នុងទិសដៅពីត្បូងមកជើង បានឈប់រងចាំបត់ឆ្លងផ្លូវ ពេលនោះដែរ ក៏ម៉ូតូម៉ាក វ៉េវមួយគ្រឿង បានបត់ឆ្វេងឆ្លងផ្លូវទៅមុន ចូលតាមបណ្តោយផ្លូវ១៨៣ ស្រាប់តែមាន រថយន្ត Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-5472 បើកតាមបណ្តោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅ ពីជើងមកត្បូង ក្នុងល្បឿនលឿន ជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូ ម៉ាកវ៉េវ ពេញទំហឹង អូសចូលក្រោមរថយន្ត ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុកម៉ូតូ ៣គ្រឿងបន្ថែមទៀត ដែលឈប់បម្រុងបត់ឆ្លងផ្លូវ នឹងបន្តបុកឡើងលើ របាំងថ្មពុះចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច៕

Loading...