មានជម្លោះពាក្យសម្តី ក្នុងវង់ផឹកស៊ី វាយប្រតាយប្រតប់គ្នា យកកាំបិតចាក់ស្លាប់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:12
ថ្ងៃទី18 ខែAugust ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌជ្រោយចង្វា ៖ បុរសជនជាតិវៀតណាម ២នាក់ មានជម្លោះពាក្យសម្តី ក្នុងវង់ផឹកស៊ី ហើយជនរងគ្រោះ បានហៅជនបង្ក ឡើងទៅលើជាន់ទី៣ វាយប្រតាយប្រតប់គ្នា ឈានដល់យកកាំបិត ចាក់ជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ ពេលដឹកមកដល់ មន្ទីរពេទ្យ កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៣ ចំណុចក្នុងបុរីព្រែកតាសេក ផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសជនជាតិវៀតណាម មួយក្រុម បានអង្គុយផឹកស៊ីជុំគ្នា នៅក្នុងបុរីព្រែកតាសេក ស្រាប់តែឮសូសំឡេង ប្រកែកគ្នាខ្លាំងៗ និងកើតជាជម្លោះពាក្យសម្តី ដោយភាគីខាងជនរងគ្រោះ បានហៅជនដៃដល់ ឡើងទៅជាន់ទី៣ ហើយក៏បាន វាយប្រតាយប្រតប់គ្នា ផ្អើលពេញក្នុងបុរី ។ ក្រោយមកក៏ឃើញ ជនរងគ្រោះ បានរត់ចុះមកខាងក្រោម ប្រឡាក់សុទ្ធតែឈាម ហើយ បានទាក់ទងហៅ រថយន្តសាមុយ ឯកជនមួយកន្លែង ដឹកទៅសង្រ្គោះ និងបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយកើតហេតុ សមត្ថកិច្ច បានឃាត់ខ្លួនជនដៃដល់ ចំណែកឯមនុស្សប្រុសស្រីចំនួន ៨ នាក់ទៀត ត្រូវបានហៅទៅសួរនាំ៕

Loading...