ក្រុមចោរប្លន់យកម៉ូតូ ពីយុវជនម្នាក់ ជិះគេចខ្លួនដោយសុវត្ថិភាព លើស្ពានស្ទឹងមានជ័យ
​ដោយ វត្តភ្នំ ម៉ោង 10:50
ថ្ងៃទី18 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឋមានជ័យ ៖ ជនសង្ស័យមួយក្រុម មានគ្នា ៥នាក់ ជិះម៉ូតូបីគ្រឿង បានធ្វើសកម្មភាព កៀរផ្ដួលម៉ូតូ យុវជនម្នាក់ បណ្ដាលឱ្យដួល រួចប្លន់យកម៉ូតូ ជិះគេចខ្លួន ដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រហែល ២ យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅលើ ស្ពានអាកាសស្ទឹងមានជ័យ ខាងត្បូង តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ។

ជនងគ្រោះមានឈ្មោះ លី វ៉ាន់ដា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កាត់កញ្ចក់ ស្នាក់នៅក្នុង ភូមិសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើត នៅស្រុកឆ្លូង ខេត្តក្រចេះ។ ម៉ូតូដែលជនសង្ស័យ ប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម បិទពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1F-0039។ ជនរងគ្រោះ បានជិះម៉ូតូ ចេញពីម្ដុំផ្លូវសឡា ទៅទិញអីហូប នៅម្ដុំផ្សារសុវណ្ណា ដោយធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង ក៏លេចមុខក្រុមជនសង្ស័យ ជិះម៉ូតូ ដេញមកពីក្រោយ ធ្វើសកម្មភាពកៀរផ្តួលម៉ូតូ បណ្តាលឱ្យដួល ជនសង្ស័យប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល៕

Loading...