ស្រុកអង្គស្នួល ៖ បុរសម្នាក់ បានបើករថយន្ត ម៉ាក ឡិចស៊ីស LS 460L ក្នុងល្បឿនលឿន រួចរេចង្កូតមកខាងឆ្វេងដៃ ឆ្លងគន្លងផ្លូវ ជ្រុលទៅបុក រថយន្តកូរ៉េដឹកទំនិញ ដែលបើកបញ្រ្ចាសគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យ រថយន្តឡិចស៊ីស ផុងមួយកំណាត់មុខ គាបជាប់តៃកុង រងរបួសធ្ងន់ កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
មុនកើតហេតុ គេឃើញរថយន្តឃ្លុប ម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-5329 បើកបរដោយបុរសម្នាក់ តាមបណ្ដោយ ផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីកើតទៅលិច ស្រាប់តែគេឃើញ មានរថយន្ត ម៉ាកឡិចស៊ីស LS 460L ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2U-1440 បើកបរដោយបុរសម្នាក់ តាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ហើយក៏រេចង្កូត មកខាងឆ្វេងដៃ ឆ្លងគន្លងផ្លូវ ជ្រុលទៅបុក រថយន្តកូរ៉េដឹកទំនិញ ចំពីមុខចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឱ្យរថយន្តកូរ៉េ ខូចខាតយ៉ាងដំណំ ចំណែករថយន្ត ឡិចស៊ីស បានផុងមួយកណាត់មុខ ខូចខាតទាំងស្រុង និងគាបជាប់តៃកុង រងរបួសធ្ងន់៕