ខណ្ឌជ្រោយចង្វា ៖ រថយន្ត CRV បើកលឿនមិនប្រយ័ត្ន មកដល់ផ្លូវកោង បួងចង្កូតមិនទាន់ បណ្ដាលឱ្យបុកខឿន សួនច្បារ បាក់បែកអស់បីកង់ រួចបន្តទៅបុក ស្លាកសញ្ញាចរាចរណ៍ អស់ ៣ដើមទៀត កល់ជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង ១ យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច ជិតរង្វង់មូល តាព្រហ្ម តាមបណ្ដោយ ផ្លូវជាតិលេខ៦A ក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសជាអ្នកបើករថយន្តបង្ក បានរៀបរាប់ថា គាត់បើក រថយន្តម៉ាក ហុងដា CRV ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2I-9806 រួមដំណើរដោយកូនចៅ ប្រុសស្រី ៤នាក់ទៀត ចេញពីបាក់ខែង ស្ពានទី៨ ក្នុងគោលបំណង ដឹកចៅទៅមន្ទីរពេទ្យ គន្ធបុប្ផា ដោយបើកតាម បណ្ដោយផ្លូវជាតិលេខ ៦A ក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿន មកដល់ផ្លូវកោង ថែមទាំងងងឹតទៀត បួងចង្កូតមិនទាន់ បណ្ដាលឱ្យបុកខឿនសួនច្បារ បាក់បែកអស់បីកង់ និងបន្តទៅបុក ស្លាកសញ្ញាចរាចរណ៍ បាក់អស់ចំនួន ៣ដើមទៀត រីឯរថយន្តបែកកង់ កល់ជាប់ទៅមុខលែងរួច៕