ឡានស្ទូចបើកលឿន បំពានភ្លើងស្តបពណ៌ក្រហម ជ្រុលទៅបុក Ford Ranger របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 11:00
ថ្ងៃទី29 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារ រថយន្តម៉ាក Ford Ranger ត្រូវរថយន្តស្ទូច បើកយ៉ាងលឿន បំពានភ្លើងស្តបពណ៌ក្រហម ជ្រុលទៅបុក ពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង ១និង២០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ២១៧ កែងនឹងផ្លូវ ៥០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុប បាគូ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Ford Ranger ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BW-1685 បើកបរដោយបុរសម្នាក់ តាមបណ្ដោយ ផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ភ្លើងស្តុបបាគូ បានបួងចង្កូតបត់ស្តាំ មកតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ខណៈបត់បាន ពាក់កណ្ដាលភ្លើងស្តុប ស្រាប់តែមាន រថយន្តស្ទូច មួយគ្រឿង មិនចាំផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ពីលិចមកកើត ក្នុងល្បឿនលឿន បំពានភ្លើងស្តុប ពណ៌ក្រហម ជ្រុលទៅបុករថយន្ត Ford Ranger ចំពីមុខចំហៀងខាងឆ្វេង យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្ត Ford Ranger រងការខូចខាត ផ្នែកខាងមុខ ស្ទើរទាំងស្រុង ចំណែកឯបុរស ជាម្ចាស់រថយន្ត Ford Ranger រងរបួសធ្ងន់៕

Loading...