ស្រុកកំពង់សៀម ៖ ឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល ត្រូវបាននគរបាលចាប់ខ្លួន ដោយអនុវត្តតាមដីកាស្ថាពរ របស់សាលាឧទ្ធរណ៍ ខេត្តត្បូងឃ្មុំ ពីបទ ឆបោក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ចំណុច ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយសមត្ថកិច្ច បានរកឃើញអាវុធខ្លី ៥ដើម ។
មន្រ្តីនគរបាល ខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញ របស់អធិការដ្ឋាន នគរបាល ស្រុកកំពង់សៀម ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ ពីលោក តូច ឧត្តម និងលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត បានដឹកនាំចុះអនុវត្ត សាលដីកាស្ថាពរ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួន ទណ្ឌិតឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូសីល ងារជា ឧកញ៉ា អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ពីបទ ឆបោក ប្រព្រឹត្តនៅ ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីកំឡុងឆ្នាំ២០១៥ ២០១៦ និងឆ្នាំ២០១៧។
មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា ក្នុងពេលកិច្ចប្រតិបត្តិការ ចាប់ខ្លួនទណ្ឌិត, កម្លាំងជំនាញ កំណត់បាន និងរកឃើញអាវុធខ្លី ៥ដើម រួមមាន៖ ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន ៣ដើម, ម៉ាក K59 ពណ៌ខ្មៅ ចំនួន ១ដើម និងម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម រួមទាំងប័ណ្ណសម្គាល់អាវុធខ្លី ផុតសុពលភាពចំនួន ១៥សន្លឹក ចន្លោះពីឆ្នាំ២០០៧ និង២០០៨, គ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់ ( គ្រាប់K59 ចំនួន ៤៩គ្រាប់ និងគ្រាប់ឡុកចំនួន ២១០គ្រាប់) រួមទាំងសាន់តារ៉ុងចំនួន ០៦, ម៉ាស៊ីនផ្ទុករូបភាព កាំម៉ារ៉ាសុវត្ថិភាពចំនួន ០២គ្រឿ, ខ្នោះដៃចំនួន ០៥គូ និងស្រោមខ្នោះ ចំនួន ០៤ផងដែរ៕