ខណ្ឌដង្កោ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវគ្រាប់កាំភ្លើង ចំនួន ៣គ្រាប់ ដោយត្រូវ ជនស្លៀកស៊ីវិល និងមន្ត្រីសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបាញ់ប្រហារ រួចនាំគ្នាជិះម៉ូតូ គេចខ្លួនបាត់អស់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៩និង២០ នាទីយប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិ ដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ។
ជនរងគ្រោះមានឈ្មោះ មុំសុខ មៀន អាយុ ២៨ ឆ្នាំ មុខរបរ ដើរទិញលក់ របស់អេតចាយចាស់ៗ ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីនេះ គឺជាការផ្ទុះអាវុធ ពីសំណាក់មន្ត្រីសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿង របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បណ្តាលឱ្យពលរដ្ឋម្នាក់ រងរបួសធ្ងន់ ហើយសមត្ថកិច្ច កំណត់អត្តសញ្ញាណ រថយន្ត និងសមត្ថកិច្ច ដែលបានផ្ទុះអាវុធ បានអស់ហើយ ។
មុនកើតហេតុ គេសង្គេតឃើញ មានមន្ត្រីសមត្ថកិច្ច មួយក្រុមធំ មានឯកសណ្ឋាន និងស៊ីវិល ប្រដាប់ដោយអាវុធខ្លី បានចុះទៅប៉ង ចាប់បុរសជាជនរងគ្រោះ តែទំនងជា មានការប្រទូស្តសារាយគ្នា ទើបភាគីសមត្ថកិច្ច បានផ្ទុះអាវុធ បណ្តាលឱ្យជនរងគ្រោះ រងរបួសតែម្តង។ ភ្លាមៗនោះ ជនរងគ្រោះ បានរត់សំដៅ ចូលទៅក្នុងផ្ទះ ហើយក្រុមសមត្ថកិច្ច ក៏រត់ប៉ងទៅចាប់ ឃាត់ត្រឡប់មកវិញ តែត្រូវពលរដ្ឋក្បែរ ជួយអន្តរាគមន៍ មិនឱ្យមានការឃាត់ ទើបកម្លាំងចម្រុះទាំងនោះ សម្រេចចាកចេញ ពីកន្លែងកើតហេតុ៕