ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ជាអ្នករត់តាក់ស៊ី បានរងរបួស និងមានស្នាមរឹតក ដោយសារ ក្រុមជនសង្ស័យ ៣នាក់ ធ្វើសកម្មភាពប្លន់ តែមិនបានសម្រេច បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១២ និង១០ នាទី រំលងអធ្រាត្រ ឈានចូលទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវទួលពង្រ ហួសស្តុបថ្មី ប្រមាណ ២០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ ជនសង្ស័យមានគ្នា ៣នាក់ បានហៅរថយន្តព្រូស ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-0575 ជិះពីក្រុងតាខ្មៅ ខេត្តកណ្ដាល គោលបំណង មកផ្សារទួលពង្រ មកដល់ចំណុចកើតខាងលើ ជនសង្ស័យ បានឱ្យជនរងគ្រោះ ឈប់រថយន្ត ធ្វើជាឈឺនោម ស្រាប់តែជនសង្ស័យទាំង ធ្វើសកម្មភាព យកខ្សែហ្រ្វាំងកង់មករឹតក តែសំណាងល្អរឹតចំមាត់ ទើបមានការប្រតាយប្រតប់គ្នា ធ្វើឱ្យរថយន្តរេចង្កូត បុកខឿនចិញ្ចើមផ្លូវ ពេញទំហឹង ខូចខាតផ្នែកខាងមុខ ទៅលែងរួច ហើយជនរងគ្រោះ ជាម្ចាស់រថយន្ត បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ចោមចៅទី១៕