ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បានរងរបួស ដោយសារ រថយន្ត ម៉ាក Ford Ranger បើកក្នុងល្បឿនលឿន ជ្រុលទៅបុកឡំប្រឺតា ពីក្រោយពេញទំហឹង បណ្ដាលឱ្យក្រឡាប់ អូសជាច្រើនម៉ែត្រ ហើយរថយន្តបង្ក បានបន្តបុកចូល មន្ទីរព្យាបាលធ្មេញ រងការខូចខាត យ៉ាងដំណំ កាលពីវេលាម៉ោង ៣និង៣០ នាទីទាបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣៦០ ក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកឡំប្រឺតា ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 1Q-9945 ទិសដៅពីជើងមកត្បូង ស្រាប់តែមាន រថយន្តម៉ាក Ford Ranger ពាក់ផ្លាកលេខ ភ្នំពេញ 2BB-7468 បើកស្របទិសគ្នា ក្នុងល្បឿនលឿន ជ្រុលបុកឡំប្រឺតា ពីក្រោយពេញទំហឹង បណ្ដាលឱ្យឡំប្រឺតា ក្រឡាប់អូសជាច្រើនម៉ែត្រ ម្ចាស់ឡំប្រឺតា រងរបួសធ្ងន់ ដោយឡែករថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏បន្តបុករបងចូល មន្ទីរពេទ្យធ្មេញ រងការខូចខាត យ៉ាងដំណំ៕