ខណ្ឌសែនសុខ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ដាច់ដៃម្ខាងជ្រុះនៅលើថ្នល់ ដោយសារ ជិះម៉ូតូស្កូបពី ជ្រុលទៅបុក ជាមួយរថយន្ត ព្រូស ចំពីចំហៀង ចំណែករថយន្ត បានព្យាយាមបើករត់ តែត្រូវបានអ្នកដំណើរ ដេញឃាត់ចាប់បាន កាលពីវេលាម៉ោង ៣និង២០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ ស្តុបណតប្រ៊ីត តាមបណ្ដោយផ្លូវ ២០០៤ កែងនឹងផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដា ស្កូបបី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GM-8222 ធ្វើដំណើរ តាមបណ្ដោយ ផ្លូវណតប្រ៊ីត ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ ចំណុចភ្លើងស្តុប បំបែកជាបួន បានបុកជាមួយរថយន្ត តូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AV-7590 ដែលកំពុងធ្វើដំណើរ តាមបណ្ដោយផ្លូវ ២០០៤ ក្នុងទិសដៅ ពីកើតទៅលិច ចំពីចំហៀងរថយន្ត ផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យ អ្នកបើកម៉ូតូ ដាច់ដៃម្ខាង រងរបួសធ្ងន់ធ្ងរ ។ ចំណែករថយន្ត មិនបានឈប់ នៅកន្លែងកើតហេតុទេ បានព្យាយាមបើករត់ មកដល់ចំណុច ខាងលិច វត្តអង្កតាមិញ ទើបប្រជាពលរដ្ឋ នាំគ្នាឃាត់ចាប់បាន៕