ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានជិះម៉ូតូ ឌុបស្រីស្នេហ៍ បំណងយកទៅដេក នៅផ្ទះសំណាក់ ត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាព ដកកាំភ្លើងខ្លី ភ្ជង់វ៉ៃបែកក្បាល ប្លន់យកម៉ូតូជិះគេចខ្លួន បាត់ស្រមោល នៅវេលាម៉ោង ៤និង៣០ នាទីទាបភ្លឺ ឈានចូល ថ្ងៃទី២០ ខែមករាឆ្នាំ២០២៣ ត្រង់ចំណុច ដីឡូត៍មួយកន្លែង កែងនិងផ្លូវ៣០ ស្ថិតនៅក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះ មានឈ្មោះ ផុត សុផាត អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងបាញ់ថ្នាំឡាន ស្នាក់នៅ ជិតវត្តស្លែង តាមបណ្តាយ ផ្លូវជាតិលេខ៣ មានស្រុកកំណើត នៅស្រុកទ្រាំង ខេត្តតាកែវ ។ រីឯនារីជាគូស្នេហ៍ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការនៅ KTV មួយកន្លែង ស្នាក់នៅ ទួលពង្រ ជិតកន្លែងកើតហេតុ មានស្រុកកំណើត នៅខេត្តស្វាយរៀង។ ម៉ូតូជនសង្ស័យ ប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 7842 មិនចាំតួអក្សរ៕