ខណ្ឌទួលគោក ៖ បុរសម្នាក់ស្រវឹងស្រា ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើករថយន្ដឡិចសុីស NX200T ទៅបុករះម៉ូតូ ២គ្រឿង និងបុកដើមឈើ បាក់ ១ដើមទៀត បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងរងរបួសធ្ងន់ ២នាក់ កាលពីវេលាម៉ោង ១១ និង២០នាទីយប់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ១៨២ កែងនិងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ យន ឧត្ដម ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ អ្នកទទួលបញ្ចាំទ្រព្យ បច្ចុប្បន្នរស់នៅ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មុនពេលកើតហេតុ គេឃើញរថយន្ដម៉ាកឡិចសុីស NX200T មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT. 4562 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចមកកើត លុះធ្វើដំណើរដល់ចំណុចភ្លើងស្ដុប ក៏ជាន់ហ្គែ ដោយបំពានភ្លើងស្តុប បុករះម៉ូតូ ២គ្រឿងខាងលើ ដាច់ម៉ូតូ PCX ជាពីកំណាត់ឆ្ងាយពីគ្នាជាង ៤ម៉ែត្រ រួមទាំងម៉ូតូលែតមួយគ្រឿងផងដែរ បណ្ដាលឲ្យបុរសម្នាក់ ផ្លោងមកទើរលើកញ្ចក់រថយន្ដ បន្ដទៅមុខជាង ១០០ម៉ែត្រ ក៏ទៅបុកដើមឈើបាក់ ១ដើមទៀត បណ្ដាលឲ្យបុរសដែលទើរលើរថយន្ដ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ឯភាគីម៉ូតូម៉ាកលែត រងរបួសធ្ងន់ធ្ងរ ២នាក់៕