ខណ្ឌពោធិសែនជ័យ ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្ត ឡិចសុីស RX-300 បានជ្រុលទៅបុករះម៉ូតូកង់បីពីរគ្រឿង និងម៉ូតូមួយគ្រឿង បណ្តាលឱ្យម្ចាស់ម៉ូតូស្លាប់ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ពេលកំពុងបើកប្រដេញគ្នាលេងតាមដងផ្លូវ ជាមួយរថយន្តឡិចសុីស 470 មួយគ្រឿងទៀត កាលពីវេលាម៉ោង ០៣ ទៀបភ្លឺ ឈានចូល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅត្រង់ចំណុចមុខរោងចក្រ ក្រុមហ៊ុនហុងដា តាមបណ្ដោយវិថីចោមចៅ ស្ថិតនៅក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
មុនកើតហេតុ គេឃើញថយន្តឡិចស៊ីស RX-300 ពាក់ស្លាកលេខ ភ្នំពេញ 2AB-6691 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បានបើកប្រដេញគ្នាលេង ជាមួយរថយន្តឡិចស៊ីស LX-470 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2D-0577 តាំងពីចំណុចភ្លើងស្តុបទួលពង្រ ក្នុងទិសដៅពីកើតទៅលិច លឿនដូចហោះ ហើយឡានឡិចស៊ីស 300 បានរេចង្កូតទៅបុករះ ម៉ូតូកង់បី ២គ្រឿងនិងម៉ូតូមួយគ្រឿងបណ្តាលឱ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ៕