ខណ្ឌចំការមន ៖ យុវជនម្នាក់ បានបាត់បង់ជីវិត ពេលកំពុងជិះម៉ូតូឌុបគ្នា ទៅបន្ទប់ទឹក ស្រាប់តែដល់ផ្លូវបំបែក ចាប់ហ្វ្រាំងមិនប្រយ័ត្ន បណ្ដាលឲ្យដួល ខ្ទាតចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ១២និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង កោះពេជ្រ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុ យុវជនរងគ្រោះ ២នាក់ បានជិះម៉ូតូស្កូបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KM-8542 ឌុបគ្នាចេញពីផ្លូវបេតុង ក្បែរអគារមួយកន្លែង នៅក្នុងកោះពេជ្រ ទិសដៅកើតទៅលិច មកដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ត ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BX-8535 បើកបរពីត្បូងទៅជើង មកដល់ផ្លូវបំបែក ភាគីខាងម៉ូតូ ក៏បានចាប់ហ្វ្រាំង បណ្ដាលឲ្យដួលម៉ូតូ ដោយម្នាក់លោតចេញទាន់ ចំណែកអ្នកបើក បានខ្ទាតចូលក្រោមកង់រថយន្ត កិនចំក្បាលស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម៕