ឡាន Jeep RUBICON បើកបុកក្បាលនាគថ្ម ពុះចែកទ្រូងផ្លូវ ពេលមេឃកំពុងភ្លៀង
​ដោយ វត្តភ្នំ ម៉ោង 07:52
ថ្ងៃទី19 ខែSeptember ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់ បើករថយន្តម៉ាក Jeep RUBICON ជ្រុលទៅបុកក្បាលនាគថ្ម ពុះចែកទ្រូងផ្លូវ ពេលមេឃកំពុងភ្លៀង ហោះគងលើទ្រូងផ្លូវ រងការខូចខាត ណិងរបួសអ្នកបើកបរ កាលពីវេលាម៉ោង ៨និង៥០ នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅជិតស្ពានអាកាសក្បាលថ្នល់ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធ ២នាក់ បើករថយន្តម៉ាក Jeep RUBICON ពណ៌ប្រផេះ ពាក់ផ្លាកលេខ កម្ពុជា H.TH8989 ធ្វើដំណើរ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ពេលមេឃកំពុងភ្លៀង រេចង្កូតជ្រុលទៅបុក ក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខ្ទាត ចំនួន ២កង់ ហើយកល់រថយន្ត ទៅមុខលែងរួច បុរសជាប្តី និងជាអ្នកបើកបរ រងរបួសបែកក្បាលហូរឈាម ចំណែកស្ត្រីជាប្រពន្ធអត់រងរបួសទេ៕

Loading...