ជិះម៉ូតូក្នុងស្ថានភាពស្រវឹង វ៉ាជែងរថយន្តជ្រុលទៅបុករះជាមួយ ខឿនពុះចែកទ្រូងផ្លូវ បាត់បង់ជីវិតភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 09:24
ថ្ងៃទី11 ខែSeptember ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ យុវជនម្នាក់ចេញពីធ្វើការ ជួបជុំផឹកស៊ីជាមួយមិត្តភក្ដិ រួចជិះម៉ូតូ ក្នុងស្ថានភាពស្រវឹង វ៉ាជែងរថយន្តជ្រុលទៅបុករះជាមួយ ខឿនពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ទល់មុខនឹងផ្ទះសំណាក់ កៅ ខេន ក្នុងភូមិក្បាលដំរី២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ឆន ដារ៉ូ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិក បម្រើការនៅធនាគារ បច្ចុប្បន្នស្នាក់នៅ សង្កាត់ភ្លើងឆេះរទេះ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1G-4838 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន រួចបានវ៉ាជែងរថយន្តមួយគ្រឿង មិនចាំម៉ាក ជ្រុលទៅបុករះ ជាមួយខឿនពុះចែកទ្រូងផ្លូវ ជាច្រើនម៉ែត្រ ផ្លោងបោកក្បាលនឹងខឿនបែកហូរឈាមស្លាប់ភ្លាមៗ៕

Loading...