ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹងនៅផ្លូវបំបែកជាបួន របួស ៣នាក់
​ដោយ វត្តភ្នំ ម៉ោង 08:46
ថ្ងៃទី4 ខែSeptember ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ មនុស្សប្រុសស្រី ៣នាក់ បានរងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយ ដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយសារជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង នៅផ្លូវបំបែកជាបួន កាលពីវេលាម៉ោង ១១និង៣៥ នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចស្តុប វិទ្យាល័យទួលស្វាយព្រៃ ផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-6025 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ ផ្លូវបំបែកជាបួន មិនគោរពភ្លើងស្តុប ក៏បន្តជិះទៅមុខ ស្រាប់តែមានបុរសម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FS-1218 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន ក៍ជ្រុលទៅបុកម៉ូតូហុងដាស្កូបពី យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់៕

Loading...