ខណ្ឌជ្រោយចង្វារ ៖ នារីម្នាក់ បើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត មួយគ្រឿងទៀត ពីក្រោយពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦:៣០ នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៦ A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញនារីម្នាក់ បានបើករថយន្តម៉ាក រ៉េងរ៉ូវ័រ ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AG-0928 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងទិសដៅពីជើងមកត្បូង មកដល់ចំណុចកើតហេតុ បានឈប់រថយន្ត រួចយកខោអាវ ទៅដាក់កន្លែងបោកគក់ ភ្លាមៗនោះស្រាប់តែគេឃើញ មានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA RAIZE ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-4178 បើកបរដោយនារីម្នាក់ ធ្វើដំណើរស្របទិសគ្នា ពីជើងមកត្បូងក្នុងល្បឿនលឿន រេចង្កូតទៅបុកពីក្រោយរថយន្ត រ៉េងរ៉ូវ័រ ពេញទំហឹងបណ្ដាលឲ្យខូចខាត បន្តិចបន្តួចផ្នែកខាងក្រោយ ចំណែករថយន្តបង្កវិញ ក្រឡាប់ផ្ងារជើង និងរងរបួសនារីជាអ្នកបើកបរ ត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ផងដែរ៕