ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្ត ដែលកំពុងឈប់ទិញទឹកក្រឡុក រងរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 08:28
ថ្ងៃទី19 ខែJuly ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកគូទរថយន្តមួយគ្រឿង ដែលកំពុងឈប់ទិញទឹកក្រឡុក បណ្ដាលឱ្យប្លោងបោកក្បាលទៅនឹងផ្លូវ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ភ្លាមៗនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្បែរផ្សារដីហុយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 05 2-2644 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ រថយន្តក៏បានអែបកៀន ដើម្បីឈប់ទិញបង្អែមទឹកក្រឡុក ស្របពេលនោះ ក៏មានបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅស៊េរី ឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1CP-4369 ជ្រុលទៅបុកពីក្រោយរថយន្ត Alphard ពេញទំហឹង រួចអ្នកបើកម៉ូតូបានប្លោង បោកក្បាលជាមួយផ្លូវ បណ្តាលឱ្យបែកក្បាល ហូរឈាមស្រោចពេញខ្លួន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ៕

Loading...