ខេត្តសៀមរាប ៖ ដោយធ្វើការស្រាវជ្រាវតាមជំនាញ សមត្ថកិច្ច កងរាជអាវុធហត្ថ បានបំបែកសំណុំរឿង ប្លន់សម្លាប់ថៅកែ លក់គ្រឿងសំណង់ ដោយឃាត់ខ្លួន ឃាតកវ័យក្មេង ២នាក់ ។ ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង ២០:០០ នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថ ខេត្តសៀមរាប និងមូលដ្ឋានអាវុធហត្ថ ស្រុកប្រាសាទបាគង សហការជាមួយ កម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ដោយមានការសម្របសម្រួលពី ឯកឧត្តម មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ។
ជនសង្ស័យ ១-ឈ្មោះ ទ្រី សុជា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យបានពីរនាក់ សមត្ថកិច្ចអាវុធហត្ថ បានដកហូតវត្ថុតាង ៖ ១-លោហធាតុពណ៌លឿង ខ្សែករ ០១ខ្សែ ២-ទូរសព្ទ ០២គ្រឿង ៣-លោហធាតុពណ៌លឿងចិញ្ជៀន០២វង់ ៤-ម៉ូតូម៉ាក ហុងដាឃ្លីក ០១គ្រឿង។ ជនសង្ស័យនិងវត្ថុតាង ប្រគល់ជូនការិយាល័យជំនាញ អាវុធហត្ថ ខេត្តឧត្តរមានជ័យ ដើម្បីបន្តនីតិវិធី។
សូមរំលឹកថា វេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដេប៉ូលក់គ្រឿងសំណង់ យីហោ ថា ស៊ីនាថ ស្ថិតក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានចោរចូលប្លន់ ហើយចាក់សម្លាប់ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ មានឈ្មោះ សួស សត្ថា អាយុ ៥៥ឆ្នាំ ។ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ឃាតករ បានធ្វើការគាស់ទ្វារកញ្ចក់ បន្ទប់ខាងមុខការិយាល័យ រួចក៏ឆ្លងតាមបង្អួច ចូលទៅក្នុងបន្ទប់ដេក ចាក់ទៅលើជនរងគ្រោះដោយអាវុធដែកមុតស្រួចចំណុច ត្រង់ក.និងចុងដង្ហើម ខាងមុខចំនួន ២កាំបិត និងចាក់ខាងក្រោយកញ្ចឹងកចំនួន ២កាំបិត សរុបទាំងអស់ចំនួន ០៤កាំបិត ហើយក៏បានប្រមូលយកវត្ថុមានតម្លៃរួមមាន ខ្សែកមាសទម្ងន់ ៥ ដំឡឹង ៥ជី មួយខ្សែ ចិញ្ចៀនមាសទម្ងន់ ០១ដំឡឹង ៥ជីមួយវង់ ទូរស័ព្ទ iphone ១២.មួយគ្រឿង និងលុយក្នុងកាបូប មួយចំនួនផងដែរ៕