ខណ្ឌច្បារអំពៅ ៖ បុរសម្នាក់ ជាមន្រ្តីពន្ធនាគារ ខេត្តកណ្ដាល ពាក់សក្តិ ៤កន្លះ ត្រូវបានរថយន្តបែន បួងចង្កូតបត់ចូលការដ្ឋាន បុកចំពីមុខពេញទំហឹង រួចកិនពីលើ បណ្ដាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ សួង សុភ័ក្រ្ក ភេទប្រុស អាយុ ៥៥ឆ្នាំ ជាមន្រ្តីពន្ធនាគារ រសនៅភូមិអន្លង់រមៀតខាងជើង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកSUSAKI VIVA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CI-3080 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣៦៩ ទិសដៅពីជើងទៅត្បូងគោលបំណង ទៅយាមនៅពន្ធនាគារក្នុងខេត្តកណ្ដាល ស្រាប់តែមាន រថយន្តបង្កបែនដឹកខ្សាច់មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3F-8731 ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន បួងចង្កូតបត់ឆ្វេងចូលទៅក្នុងការដ្ឋាន ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង កិនទៅលើបុរសជាម្ចាស់ម៉ូតូ ស្លាប់យ៉ាងអណោចអាធ័ម៕