ឡានព្រូស បើកលឿនមិនប្រយ័ត្ន បុកឡំប្រឺតា ក្រឡាប់ របួសធ្ងន់ម្នាក់ ហើយបើករត់ទៅបុកបង្គោលភ្លើង
​ដោយ វត្តភ្នំ ម៉ោង 09:44
ថ្ងៃទី2 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ បើករថយន្តម៉ាក តូយ៉ូតាព្រូស លឿនមិនប្រយ័ត្ន ជ្រុលបុកឡំប្រឺតា បណ្ដាលឲ្យក្រឡាប់ ហើយតៃកុងរបួសធ្ងន់ តែរថយន្តបង្កមិនឈប់ដោះស្រាយ ថែមទាំងបើករត់ ឡើងលើខឿនផ្លូវ បុកបង្គោលភ្លើង បាក់អស់មួយដើម ខូចខាតយ៉ាងដំណំទៅមុខលែងរួច កាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ កែងផ្លូវ ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មុនកើតហេតុ គេឃើញរថយន្តបង្កម៉ាក ព្រូស មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AX-1271 បានបុកជាមួយឡំប្រឺតា នៅចំណុច បផ្លូវ៦០ម៉ែត្រ កែងផ្លូវ ៥០ម៉ែត្រ បណ្ដាលឲ្យឡំប្រឺតាក្រឡាប់ តៃកុងរងរបួសធ្ងន់។ រថយន្តបង្ក មិនបានឈប់ដោះស្រាយ ដោយបើករត់ មកទិសខាងជើងផ្លូវ ៦០ម៉ែត្រ ឡើងលើខឿន បុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម ខ្ទេចផ្នែកខាងមុខ និងបែកកង់ទៅមុខលែងរួច ចំណែកតៃកុងរថយន្តបង្ក បានចុះគេចខ្លួនបាត់៕

Loading...