មន្រ្តីសុរិយោដី បើកឡានក្នុងស្ថានភាពស្រវឹង បុកឡើងលើសួនច្បារក្បែរវិមានឯករាជ្យ
​ដោយ វត្តភ្នំ ម៉ោង 10:30
ថ្ងៃទី28 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ជាមន្រ្តីសុរិយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានបើករថយន្ដ ម៉ាក FORD RANGER XLT ក្នុងស្ថានភាពស្រវឹង បុកឡើងលើសួនច្បារក្បែរវិមានឯករាជ្យ កាលពីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បណ្ដាលឱ្យរងការខូចខាតរថយន្ត និងផ្លាកផ្ទាំងប៉ាណូ ហើយអ្នកដើរហាត់ប្រាណនៅទីនោះ នាំគ្នារត់បាតជើងសព្រាត។

សមត្ថកិច្ច បានឲ្យដឹងថា ជនបង្កឈ្មោះ ឡេង ដារ៉ា ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរជាមន្រ្តីសុរិយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើករថយន្ដ ម៉ាក FORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2C.1972 តាមបណ្តោយផ្លូវក្រាលកៅស៊ូ ចេញពីទិសខាងកើតឆ្ពោះទៅខាងលិច ស្របតាមបណ្ដោយស្ទឹងព្រែកត្នោត ពេលមកដល់ចំណុចមុខសួនច្បារ សម្ដេចព្រះសង្ឃរាជជួន ណាត បានឡើងសួនច្បារ មុខទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ក្បែររង្វង់មូលវិមានឯករាជ្យ។

នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យមនុស្សម្នារ ដែលកំពុងតែធ្វើដំណើរ ចេញចូល ហាត់ប្រាណ រត់ជាន់ជាន់ជើងគ្នា ដោយសារតែភ័យលោះព្រលឹង ។ សមត្ថកិច្ចជំនាញ បាននាំខ្លួនមកធ្វើតេស្ដជាមួយឧបករណ៍ គឺមានជាតិស្រវឹង ១.៥៥ mg/L និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈ ជំនាញបានប្រគល់ជូនរដ្ឋបាលខេត្ដ ដើម្បីដោះស្រាយសំណង៕

Loading...