មន្រ្តីពន្ធនាគារ ទំនងជាស្រវឹង បើកឡានវ៉ាជែងមិនប្រយ័ត្ន ​បុកអ្នកជិះម៉ូតូស្លាប់ម្នាក់ លើស្ពានព្រែកសំរោង
​ដោយ វត្តភ្នំ ម៉ោង 10:12
ថ្ងៃទី15 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ក្រុងតាខ្មៅ ៖ បុរសម្នាក់ ដែលគេស្គាល់ថាជាមន្រ្តីពន្ធនាគារ ទំនងជាស្រវឹង បានបើករថយន្ត  ក្នុងល្បឿនលឿនវ៉ាជែង មិនប្រយ័ត្ន ជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង ប៉ើងផ្ទប់នឹងខឿនផ្លូវ បណ្តាលឱ្យបុរសជាម្ចាស់ម៉ូតូ ស្លាប់ភ្លាមៗ  បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៨:៣០ នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើ ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឃិន ចាន់តារ៉ា អាយុ ២៩ឆ្នាំ មុខរបរបម្រើការងារ ក្នុងក្រុមហ៊ុនមួយកន្លែង បច្ចុប្បន្នស្នាក់នៅ ម្តុំពោធិ៍ចិនតុង ក្នុងខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅខេត្តតាកែវ បើកម៉ូតូម៉ាកហុងដាឌ្រី សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HU-6643 ជិះឡើងស្ពានព្រែកសំរោង ក្នុងទិសដៅពីកើតទៅលិច មកដល់ពាក់កណ្តាលស្ពាន ស្រាប់តែមានរថយន្ត ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AN-0814 បើកដោយបុរសម្នាក់ ជាមន្រ្តីពន្ធនាគារ ក្នុងទិសដៅពីកើតទៅលិច យ៉ាងល្បឿន ជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង ប៉ើងផ្ទប់នឹងខឿន បែកក្បាលស្លាប់នៅនឹងកន្លែង ចំណែករថយន្តបង្កបន្តល្បឿនបើករត់ តែត្រូវសមត្ថកិច្ចតាមឃាត់បាន ទាំងអ្នកបើកបរនិងរថយន្ត៕

Loading...