ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បើករថយន្តម៉ាក ford ranger ក្នុងល្បឿនលឿន ក៏បានរេចង្កូតជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួនពីរកង់ ចំណែករថយន្តបង្ក ខូចខាតមួយកំណាត់មុខ ស្ទើរទាំងស្រុង កាលពីវេលាម៉ោង ២:៣០ នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ចំណុចក្បែរស្តុបបូកគោ
ស្ថិតនៅតាមបណ្ដោយ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ford ranger ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BU-0985 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នក៏ រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់ចំនួនពីរកង់ ចំណែកឯរថយន្តបង្ក បានដាច់កង់ខាងមុខចំហៀងខាងស្តាំ ខូចខាតស្ទើរទាំងស្រុង ហើយម្ចាស់រថយន្តបង្ក ក៏បានបើកទ្វារគេចបាត់ស្រមោល ៕