ឡានដឹកត្រីបើកលឿន បំពានភ្លើងស្តុបពណ៌ក្រហម ជ្រុលទៅបុកឡានសណ្ដោងទូកុងតឺន័រ របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 12:37
ថ្ងៃទី5 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌកំបូល ៖ បុរសម្នាក់ បានបើករថយន្តកូរ៉េដឹកត្រី ក្នុងល្បឿនលឿន បំពានភ្លើងស្តុបពណ៌ក្រហម ជ្រុលទៅបុករថយន្តសណ្ដោង ទូកុងតឺន័រ ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឱ្យគាបជាប់ អ្នកបើកបររងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះ ៧១១ ជួយគាស់ចេញ ដឹកយកទៅសង្គ្រោះភ្លាមៗ កាលពីម៉ោង ១និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ ៦០ម៉ែត្រ ផ្លូវក្រវាត់ក្រុងទី៣ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណៃ តាំងហ៊ាន អាយុ ៣០ឆ្នាំ ជាអ្នកបើកបរ រស់នៅភូមិត្បែងក ឃុំត្បែង ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ រងរបួសធ្ងន់។ មុនពេលកើតហេតុ គេឃើញរថយន្តសណ្ដោង ទូកុងតឺន័រ ក្បាលពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3G-3733 បើកបរដោយបុរសម្នាក់ ចេញពីផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច រួចក៏បានបើកឆ្លងភ្លើងស្តុបពណ៌ខៀវ។

ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តកូរ៉េ ដឹកត្រីមួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-3714 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ផ្លូវក្រវាត់ក្រុងទី៣ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន បើកឆ្លងបំពានភ្លើងស្តុបពណ៌ក្រហម ក៏ជ្រុលទៅបុករថយន្តសណ្តោងទូ កុងតឺន័រ ចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឱ្យរថយន្តខ្ទេចផ្នែកខាងមុខ រួញចូលគ្នាគាបជាប់អ្នកបើកនៅក្នុងរថយន្ត៕

Loading...