ខណ្ឌពោធិ៍សែនជ័យ ៖ មនុស្សប្រុសស្រីចំនួន ៥នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឡាំប្រឺតា បើកបុកជាមួយម៉ូតូ ហើយរេចង្កូតទៅបុក របងផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យឡាំប្រឺតា ក្រឡាប់ផ្ងារជើង កាលពីម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក ហុងដាឌ្រីម សេរ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-5072 បើកដោយបុរសម្នាក់ និងអ្នករួមដំណើរ ២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងទិសដៅពីជើងមកត្បូង ស្រាប់តែមានមាន ឡាំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-0254 បើកបរដោយបុរសម្នាក់ ឌុបភ្ញៀវម្នាក់ទៀតពីក្រោយ ធ្វើដំណើរស្របទិសគ្នា ពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូ ពីក្រោយពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ ហើយឡាំប្រឺតា នៅមិនទាន់អស់ល្បឿន បានជ្រុទៅបុកចូលរបងផ្ទះប្រជាពលរដ្ឋ ក្រឡាប់ផ្ងារជើង ទៅមុខលែងរួច បណ្តាលឲ្យមនុស្សប្រុសស្រី ៥នាក់ របួសធ្ងន់ស្រាល៕