អ្នកភូមិព្រួតគ្នាវាយជនបរទេស ម្នាក់មួយដៃមួយជើង បណ្តាលឲ្យស្លាប់ នៅបន្ទប់ជួល
​ដោយ វត្តភ្នំ ម៉ោង 10:25
ថ្ងៃទី26 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ បុរសជនបរទេសម្នាក់ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងភូមិ ព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យស្លាប់ នៅបន្ទប់ជួល ពេលដែលជនរងគ្រោះ អង្គុយជក់បារី នៅលើបន្ទប់ ហើយទម្លាក់ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះ អង្គុយផឹកស៊ីនៅខាងក្រោមផ្ទះ បង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្បែផ្សារសូរិយ៉ាម៉ល ផ្លូវ៥១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ UFUK ONTURK អាយុ ៥៣ឆ្នាំ ជនជាតិទួរគី ។ ស្រ្តីជាប្អូនថ្លៃម្ចាស់ផ្ទះម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាបងថ្លៃ និងជាប្តីម្ចាស់ផ្ទះម្នាក់ បានអង្គុយហូបអីតិចតួច នៅខាងក្រោមផ្ទះ ក្រោយមកក៏ឃើញបុរសជនបរទេស អង្គុយជក់បារី នៅខាងលើក្បែរបន្ទប់ជួល ពុំដឹងថាបុរសជនបរទេសរូបនោះ មានរឿងអ្វីនោះទេ ក៏បានទម្លាក់ចានចុះមកក្រោម ប៊ិះត្រូវបុរសជាកូនម្ចាស់ផ្ទះ ។

បន្ទាប់មកស្រ្តីជាម្ចាស់បន្ទប់ជួល ឡើងទៅមើល និងសួរនាំ បែរជាបុរសជនបរទេសរូបនោះ ទាញញញូរ វាយទៅលើស្រ្តីរូបនោះ រងរបួសតិចតួច បន្ទាប់មកបុរសជាប្តី ក៏ឡើងទៅជួយ ហើយក៏ត្រូវជនបរទេសរូបនោះ វាយនឹងញញូរឲ្យរបួស ធ្វើឲ្យអ្នកភូមិមាន កំហឹងយ៉ាងខ្លាំង ក៏បាននាំគ្នាឡើងទៅវាយ បុរសរូបនោះ ដល់ក្នុងបន្ទប់ជួល ម្នាក់មួយដៃមួយជើង បណ្ដាលឲ្យដេកស្លាប់ ក្នុងថ្លុកឈាម ហើយក៏បាននាំគ្នារត់គេច បាត់ស្រមោល៕

Loading...