ខណ្ឌជ្រោយចង្វា ៖ ដោយសារតូចចិត្ត រឿងសុំត្រូវគ្នាជាមួយប្រពន្ធ តែប្រពន្ធមិនព្រម បុរសម្នាក់ បានជិះម៉ូតូឡើងស្ពានជ្រោយចង្វា រួចឡើងលើបង្កាន់ដៃស្ពាន លោតចូលក្នុងទឹកតែម្តង តែមិនស្លាប់ទេ បានអ្នកនេសាទជួយសង្គ្រោះទាន់ពេល កាលពីវេលាម៉ោង ៩និង៤០ នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសដែលមានវិបត្តិខាងលើ បានរៀបរាប់ពីមូលហេតុ នៃការលោតទឹករបស់ខ្លួនថា មុនពេលកើតហេតុ គាត់បានឌុបកូន ទៅសុំប្រពន្ធត្រូវគ្នាវិញ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា តែប្រពន្ធរបស់គាត់ មិនព្រមត្រូវគ្នាវិញនោះទេ ទើបគាត់មានការអន់ចិត្តជាខ្លាំង គិតអ្វីមិនចេញ។ គាត់បានឌុបកូនទៅព្រៃវែង ដើម្បីផ្ញើកូនអោយនៅ ជាមួយលោកយាយ មើលថែជំនួសវិញ។ ផ្ញើកូននឹងលោកយាយរួច គាត់បានជិះម៉ូតូម៉ាកហុងដា PCX ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AD-1313 ឡើងមកលើស្ពានជ្រោយចង្វារ លោតចុះទៅក្នុងទន្លេតែម្តង តែសោយសារគាត់ចេះហែលទឹក ក៏ប្រឹងហែល និងមានប្រជានេសាទ នៅក្បែរនោះប្រទះឃើញ ក៏ចេញទូកទៅជួយសង្គ្រោះ ទើបរួចផុតពីក្តីស្លាប់៕