ខណ្ឌច្បារអំពៅ ៖ រថយន្ត ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្ដាលឱ្យលោកអធិការរង ស្រុកកៀនស្វាយម្នាក់ នាយរងប៉ុស្តិ៍ដីឥដ្ឋម្នាក់ទៀត បានស្លាប់យ៉ាងរន្ធត់ ក្នុងនោះក៏មាននារី ២នាក់ និងបុរសម្នាក់ទៀត ដែលរួមដំណើរជាមួយ បានរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចទល់មុខ វត្តចម្ប៉ា លើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ ទី១-ឈ្មោះ ហេង ស៊ីថារ៉ូ ភេទប្រុស អាយុជាង ៣០ឆ្នាំ ជាមន្រ្តីនគរបាល មានតួនាទីជា អធិការរង ស្រុកកៀនស្វាយ។ ទី២-ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុជាង ២០ឆ្នាំ មានតួនាទីជា នាយរងប៉ុស្ថិ៍ដីឥដ្ឋ។ មុនកើតហេតុគេឃើញ រថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915 បើកបរដោយបុរសម្នាក់ រួមជាមួយស្រ្តីម្នាក់ទៀតជាប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក លុចស៊ីស RX350 ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2- 0393 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ មនុស្សប្រុសស្រីចំនួន ៤នាក់ទៀត បើកតាមបណ្តោយផ្លូវជាតិលេខ ១ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន រេចង្កូតឆ្លងចូលគន្លងផ្លូវ ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដ ចំពីមុខពេញទំហឹង ប្លោងខ្ទាតទៅបោកផ្ទប់នឹងរបង បណ្តាលឱ្យស្លាប់និងរបួស៕