បើកឡានលឿន ជ្រុលទៅបុកម៉ូតូអគ្គិសនី ពីក្រោយប៉ើងទៅចិញ្ចើមផ្លូវ បុរសម្នាក់បាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 10:27
ថ្ងៃទី2 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានបាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ដោយសារ នារីម្នាក់ ទំនងជាស្រវឹង បើករថយន្ដលឿន ជ្រុលទៅបុកម៉ូតូអគ្គិសនី ចំពីក្រោយពេញទំហឹង ប៉ើងទៅចិញ្ចើមផ្លូវ បណ្ដាលឱ្យម្ចាស់ម៉ូតូ បោកក្បាលនឹងផ្លូវ កាលពីម៉ោង ១និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ សហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ សូត ម៉ាល័យ អាយុ ៣៧ឆ្នាំ មុខរបរ បំរើការងារនៅក្នុង ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ រស់នៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ បុរសរងគ្រោះ បានបើកម៉ូតូអគ្គិសនី ពណ៌ខ្មៅ មួយគ្រឿង មិនមានស្លាកលេខ ជិះចេញពីកន្លែងធ្វើការ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើត ស្រាប់តែមានរថយន្តម៉ាក Ford Mustang ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-0080 បើកបរដោយនារីម្នាក់ ស្របគ្នា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី យ៉ាងលឿន ជ្រុលទៅបុកម៉ូតូអគ្គិសនី ប៉ើងខ្ទាតទៅចិញ្ចើមផ្លូវជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូ បោកក្បាលស្លាប់នៅនឹងកន្លែង៕

Loading...