ប្រើដាវ ដេញកាប់យុវជនម្នាក់របួសធ្ងន់ ប្លន់យកម៉ូតូ ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ បានសម្រេច
ខណ្ឌមានជ័យ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវ ដេញកាប់ប្លន់យកម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ បានសម្រេច ត្រូវបានប្រជាពលរដ្ឋ ដឹកតាមរ៉ឺម៉ក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្ស៊ី កាលពីវេលាម៉ោង ៨និង៥០ នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា ពេលកើតហេតុ មានជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវ បានជិះម៉ូតូមិនស្គាល់ម៉ាកជាច្រើនគ្រឿង ដេញកាប់ប្លន់ បុរសរងគ្រោះម្នាក់ ពុំដឹងថា មកពីចំណុចណានោះទេ លុះជិះមកដល់ចំណុច ផ្លូវបេតុងគេហៅផ្លូវប្រឡាយបារាំង ស្រាប់តែក្រុមជនសង្ស័យ ទាញដាវកាប់ទៅលើបុរសរងគ្រោះ ជាច្រើនដាវ ចំដៃមួយចំហៀង ស្ទើរតែដាច់ចេញពីស្មារ រងរបួសធ្ងន់ រួចក៏លើកយកម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ របស់ជនរងគ្រោះ ជិះគេចខ្លួនបាត់អស់ទៅ៕
Loading...